កំសត់ណាស់ ព្រោះតែជីវភាពក្រីក្រនាំគ្នាចំណាកស្រុកបែកពីគ្រួសារទៅធ្វើការនៅប្រទេសថៃ ពេលគេបណ្តេញមកស្រុកវិញត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ទៀត

ប្រទេសថៃ៖ ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃប្រមាណ២០នាក់រងរបួសដោយសារជួបគ្រោះថ្នាកចរាចរណ៍នៅពេលពួកគេធ្វើដំណើរត្រលប់មកប្រទេសខ្មែរវិញស្របពេលរដ្ឋាភិបាលថៃបានធ្វើការរឹតបន្តឹងទៅលើជនអន្តោប្រវេសន៍ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបានផៈកៈ ស្ថិតក្នុងភូមិ៣  ឃុំវឌ្ឍនានគរ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពពត៌មានពីអ្នកបើកបររថយន្តបានអោយដឹងថា ក្រុមពលករខ្មែរចំនួន២០នាក់បានធ្វើការម៉ៅរថយន្តរបស់លោកដឹកពួកគេចេញពីចំណុចព្រះរាម៩ ទៅផ្សាររោងក្លឿដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Toyota Vigo ពាក់ស្លាកលេខ ស្រះកែវ៥៩២០ បើកបរក្នុងល្បឿនលឿនមកបុកពីក្រោយរថយន្តរបស់លោកអោយខ្ទាតធ្លាក់ប្រឡាយទាំង២គ្រឿង ហើយរថយន្តរបស់លោកបានជ្រុលទៅបោកនឹងបង្គោលភ្លើងទៀតបណ្តាលអោយពលករខ្មែរដែលរួមដំណើរក្នុងរថយន្តលោករងរបួសធ្ងន់ និងស្រាល១៣នាក់។

ក្រោយកើតហេតុ​ សមត្ថកិច្ចថៃបានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងតាក់ទងរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទាំង១៣នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចបាននាំយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយជាបន្ត។ សមត្ថកិច្ចបានអោយដឹងដែរថា តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបង្ករម៉ាក Toyota Vigo ខាងលើបើកបរក្នុងសភាពងងុយដឹក ព្រោះមួយរយៈនេះរដ្ឋាភិបាលថៃបានចេញច្បាប់រឹតបន្តឹងជនអន្តោប្រវេសន៍ ទើបធ្វើអោយពលករខ្មែរ ឡាវ និងភូមានាំគ្នាសម្រុកទៅប្រទេសកំណើតវិញ៕

COMMENTS