គួរឲ្យអាសូរណាស់!! ក្មេងប្រុសអាយុ ៤ឆ្នាំមួយរូប ត្រូវសាច់ញាតិខ្លួនធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដាក់ ដោយច្រវ៉ាក់ ហើយអុជបារីដាក់ទៀត

មិុចសិចកូ៖ កុមារគ្រប់រូបត្រូវបានសន្មត់ថាត្រូវទទួលបាននូវការចិញ្ចឹមបីបាច់ថែរក្សា ដោយសារតែពួកគេមានវ័យក្មេងមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែខ្លួនឯងបានពេញលេញ។ ជាធម្មតា ក្មេងៗតែងត្រូវទទួលបានការស្រឡាញ់ មើលថែទាំពីសំណាក់ឪពុកម្ដាយរបស់គេ ប៉ុន្តែបើតាមការពិតជាក់ស្ដែង មិនមែនកុមារទាំងអស់សុទ្ធតែទទួលបាននូវការស្រឡាញ់ ចិញ្ចឹមបីបាច់មើលថែទាំងបានល្អដិតដល់ពីសំំណាក់ឪពុកម្ដាយរបស់ពួកគេឡើយ។ ដូចជាក្មេងប្រុសវ័យ ៤ឆ្នាំម្នាក់នេះដែលត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងមួយក្នុងទីក្រុង មុិចសិចកូ ដោយនៅលើខ្លួនរបស់គេពោរពេញទៅដោយស្នាមរលាកនៃភ្លើងបារី និងស្នាមរបួសជាច្រើនកន្លែងទៀត ហើយថែមទាំងក្នុងសភាពជាប់ច្រវាក់នៅនឹងជើងថែមទៀត។
រាងកាយរបស់ក្មេងប្រុសតូចស្គមស្គាំងជាខ្លាំង ដោយសារតែការមិនមានអ្វីបរិភោគ។ លោក Victor Hugo Lobo ជាប្រធានអាជ្ញាធរការពារកុមារបានចុះទៅធ្វើការឆែកឆេរផ្ទះល្វែងភ្លាមៗ ដើម្បីជួយសង្គ្រោះក្មេងប្រុស បន្ទាប់ពីទទួលបានដំណឹងពីសំណាក់ជនអនាមិកដែលបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពក្មេងប្រុសនេះ។ មនុស្សពីរនាក់ដែលត្រូវជា ពូនិងមីង របស់ក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពួកគេមានឈ្មោះថា Juan Carlos Loaeza និង Olivia Castro ។ អ្នកទាំងពីរដំបូងបានបដិសេធទៅប៉ូលីសថា ក្មេងប្រុសរងគ្រោះមិនបាននៅក្នុងផ្ទះនោះទេ ប៉ុន្តែប៉ូលីសបានធ្វើការឆែកឆេរកន្លែងខ្លះក្នុងផ្ទះក៏បានប្រទះឃើញក្មេងប្រុសតូចកំពុងជាប់ចំណងក្នុងបន្ទប់ងងឹតមួយ ដែលជាសញ្ញាបញ្ហាថាគេត្រូវបានទទួលរងនូវការធ្វើទារុណកម្មនិងរំលោភបំពាន។
សាច់ញាតិក្មេងប្រុសដែលត្រូវប៉ូលីសចាប់ខ្លួន បាននិយាយថា ពួកគេគ្រាន់តែជួយមើលថែក្មេងប្រុសជាបណ្ដោះអាសន្នជំនួសឪពុករបស់ក្មេង ប៉ុណ្ណោះ។ ក្មេងប្រុសគួរឲ្យអាណិតនេះមានឈ្មោះថា អែនថូនី គេត្រូវបានប៉ូលីសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពីបានរកឃើញថាមានរបួសជាច្រើនពេញរាងកាយរបស់គេ។ ថ្វីបើ អែនថូនី មានការពិបាកក្នុងការនិយាយក៏ដោយ ក៏គេអាចនិយាយប្រាប់នូវឈ្មោះរបស់ខ្លួនឯង និងឪពុកម្តាយរបស់គេបាន។  ក្រោយពីមានការត្រួតពិនិត្យសុខភាព វេជ្ជបណ្ឌិតបាន
រកឃើញថា ក្មេងតូចកំពុងតែទទួលរងនូវកង្វះអាហាររូបត្ថម្ភ។ វេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា តាមការពិនិត្យក្បាលរបស់ក្មេងរងគ្រោះបានទទួលរងនូវការបោកទង្គិចម្ដងហើយ ម្ដងទៀត រីឯស្បែករបស់គេ គឺពេញទៅដោយស្នាមរលាកពីការដុតនៃភ្លើងបារី។ ឥឡូវនេះ ក្មេងតូចកំពុងស្ថិតនៅក្នុងការមើលថែទាំរបស់អាជ្ញាធរ។ ប្រធានអាជ្ញាធរគាំពារកុមារ បានឲ្យដឹងថា គាត់ប្ដេជ្ញាថា អ្នកដែលបានប្រព្រឹត្តអំពើអាក្រក់បែបនេះដាក់ក្មេង នឹងត្រូវបានទទួលទណ្ឌកម្មតាមផ្លូវច្បាប់។ គេមិនទាន់ដឹងថាឪពុករបស់ក្មេងប្រុសនេះត្រូវបានចាប់ខ្លួនហើយឬយ៉ាងណានោះទេ ក៏ប៉ុន្តែការស៊ើបអង្កេតកំពុងបន្ត៕

ប្រភព៖ Dailymail

COMMENTS