នេះជាមូលហេតុ ដែលអ្នកគួរតែប្រើអំពូលភ្លើងពណ៌ក្រហមនៅក្នុងបន្ទប់គេង

ការសិក្សាបានរកឃើញថាមានមនុស្សប្រមាណជា ៧០% គេងមិនបានគ្រប់គ្រាន់នោះទេ ពោលគឺពួកគេគេងតិចជាង៨ម៉ោង ក្នុងមួយថ្ងៃ ហើយការគេងមិនបានគ្រប់គ្រាន់នេះអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់ពួកគេផងដែរ។ មានបញ្ហាជាច្រើនដែលធ្វើឲ្យពួកគេគេងមិនលក់​ ឬគេងមិនបានគ្រប់គ្រាន់ តែយ៉ាងណាក្តីដើម្បីកែខៃបញ្ហានេះឲ្យបាន ល្អប្រសើរឡើងវិញលោកអ្នកអាចសាកល្បងធ្វើតាមការណែនាំខាងក្រោមនេះបាន៖

១.កុំប្រញាប់ចូលទៅគេងពេកខណៈដែលលោកអ្នកមិនទាន់មានអារម្មណ៍ងងុយគេង ព្រោះវានឹងធ្វើឲ្យលោកអ្នកមាន អារម្មណ៍ធុញនឹងកន្លែងគេងរបស់អ្នក ហើយអាចនឹងគេងលែងលក់តែម្តង។ លោកអ្នកគួរចូលគេងនៅពេលមានអារម្មណ៍ថាងងុយគេងទើបអាចគេងលក់ស្រួលដោយប្រើពេល ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។

២.ញ៉ាំខ្ទឹម គល់ខ្ទឹម និងគុយឆាយអាចជួយឲ្យលោកអ្នកគេងបានលក់ស្រួលពេញមួយយប់។

៣.ស្លៀកពាក់ខោអាវគេងឲ្យបានត្រឹមត្រូវ និងទៀតទាត់ ព្រោះថាទម្លាប់នៃការស្លៀកពាក់ខោអាវគេងជាកត្តាមួយ ជំរុញឲ្យលោកអ្នកដឹងខ្លួនថាដល់ម៉ោងត្រូវចូលគេង និងបង្កើតបានជាទម្លាប់នៃការចូលគេងមួយបានយ៉ាងល្អ។

៤.ប្រសិនបើលោកអ្នកភ្ញាក់ដឹងខ្លួននៅពេលយប់លោកអ្នកគួរយកទឹកក្តៅដាក់ក្នុងដបមួយហើយយកវាមកស្អំនៅលើ ស្បែកនៃរាងកាយរបស់លោក ដើម្បីឲ្យលោកអ្នកឆាប់គេងលក់វិញ ព្រោះនៅពេលយប់រាងកាយរបស់លោកអ្នក នឹងមានសីតុណ្ហភាពត្រជាក់ខ្លាំង ដូចនេះបើបានប៉ះជាមួយសីតុណ្ណភាពក្តៅ វានឹងអាចធ្វើឲ្យលោកអ្នកឆាប់គេងលក់ វិញ។

៥.បើគេងមិនលក់ត្រូវព្យាយាមដកដង្ហើមឲ្យ​បានវែងៗ ឬរកកន្លែងដែលមានខ្យល់ចេញចូរច្រើនដើម្បីបន្ធូរអារម្មណ៍ បន្តិចដើម្បីឲ្យឆាប់ងងុយគេងវិញ។

៦.បើលោកអ្នកពាក់ Contact lens លោកអ្នកត្រូវដោះវាចេញវិញមុនពេលចូលគេង។

៧.បើកអំពូលភ្លើងក្រហមតូចមួយនៅក្នុងបន្ទប់គេងរបស់លោកអ្នក ព្រោះថាការសិក្សាបានរកឃើញថាពន្លឺនៃអំំពូល ភ្លើងក្រហមនៅក្នុងបន្ទប់គេងរបស់លោកអ្នក នឹងជួយធ្វើឲ្យលោកអ្នកឆាប់មានអារម្មណ៍ងងុយ​គេង។

៨.បើគេងមិនលក់ត្រូវក្រោកមករកសៀវភៅណាដែលគួរឲ្យធុញអានបន្តិចទៅ ព្រោះថាការអានសៀវភៅដែលគួរឲ្យ ធុញវានឹងធ្វើឲ្យលោកអ្នកឆាប់ងងុយគេង។

៩.បង្កើតបញ្ជីកត់ត្រានូវសកម្មភាពដែលលោកអ្នកត្រូវធ្វើនៅថ្ងៃស្អែកឲ្យបានច្បាស់លាស់មុនពេលចូលគេង។ ការបង្កើតបញ្ជីនេះនឹងជួយបន្ថយបញ្ហាស្រ្តេស ឬការគិតច្រើនរបស់លោកអ្នកបាន។ ពេលខ្លះការគិតច្រើនអាចរំខាន ដល់ដំណេករបស់លោកអ្នក។

១០.ពេលដែលអ្នកទៅធ្វើការគួរអង្គុយក្បែរបង្អួចដើម្បីអាចស្រូបយកខ្យល់បានច្រើន ព្រោះថាការស្រូបយកខ្យល់ធម្មជាតិបានច្រើនអាចធ្វើឲ្យលោកអ្នកគេងលក់ស្រួល។

១១.កុំប្រើប្រាស់ទូរស័ព្ទដៃច្រើនពេកនៅពេលមុនចូលគេង។

១២.ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ក៏ជាផ្នែកមួយធ្វើឲ្យលោកអ្នកគេងលក់ស្រួលដែរ៕

 

ភក្តី

ប្រភព៖ asiantown