បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំបើករថយន្តទៅបុកពីក្រោយរថយន្តកំពុងឈប់ពិនិត្យជាតិអាល់កុល បណ្តាលអោយស្លាប់ម្នាក់ អ្នកបើកបររងរបួសស្រាល

កំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហាយលែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងជោគជាំជ្រុលតៅបុករថយន្តហុីយ៉ានដាយមួយគ្រឿងដែលកំពុងត្រួតពិនិត្យជាតិអាល់កុលបណ្តាលអោយបុរសម្នាក់ដែលរួមដំណើរក្នុងរថយន្តហាយលែនឌ័រស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តរងរបួសស្រាល ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ អ៊ុត គឹមតី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគីរីអណ្តែត ឃុំទ្រៀល​ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកអ្នកបើកបររថយន្តហាយលែនឌ័រខាងលើមានឈ្មោះ គួន គឹមសៀប ភេទប្រុស​ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៍ រងរបួសស្រាល បើកបរក្នុងសភាពស្រវឹងជោគជាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុវាស់វែងយកមធ្រោយបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីរង់ចាំការដោះស្រាយជាបន្ត ចំណែកសាកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS