កំពូលស្មាតហ្វូន Google Pixel ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google នឹងមានភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយ ដែលពុំធ្លាប់មានស្មាតហ្វូនណាមានឡើយ

សម្រាប់កំពូលស្មាតហ្វូន Google Pixel 2 ដែលត្រូវបានគេរំពឹងថានឹងមកដល់ទីផ្សារក្នុងខែតុលា ខាងមុខនេះនឹងភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយដែលពុំដែលមានស្មាតហ្វូនណាធ្វើបានសោះ នោះគឺ trackpad នៅផ្នែកខាងក្រោយ។ យោងទៅតាមប៉ាតង់ដែលត្រូវបានចុះកាលពីថ្ងៃអង្គារកន្លងទៅនេះ កំពូលស្មាតហ្វូន Pixel 2 នឹងមានផ្ទៃខាងក្រោយដែលអាចប៉ះដើម្បីបញ្ជាបាន ពោលគឺនៅកន្លែងដែលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀតដាក់ Logo របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ប៉ាតង់នេះត្រូវបានចុះដោយក្រុមហ៊ុន Google ហើយទទួលស្គាល់ពីទីស្នាក់ការនៃសហរដ្ឋអាមេរិច និងការិយាល័យ Trademark ផងដែរកាលពីសប្ដាហ៍មុន។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Google បានលើកឡើងថា “វាគឺជាគុណសម្បត្តិមួយក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា Touch ដែលធ្លាប់មានតាំងពីដើមមកឲ្យមានសភាពលេចធ្លោរ។” មិនតែប៉ុណ្ណោះ trackpad នាផ្នែកខាងក្រោយនោះមានសមត្ថភាពអាចចំណាំ និងត្រាប់តាមចលនាផ្សេងៗរបស់អ្នកប្រើប្រាស់បានទៀតផង។ ដូចនេះ មុខងារថ្មីនេះអាចនិយាយបានថាមានតែមួយប៉ុណ្ណោះ គ្មានពីរឡើយសម្រាប់ក្រុមហ៊ុន Google។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Google មានបំណងប្រើប្រាស់នូវ sensor មួយចំនួនដូចជា៖​ រលកសូរស័ព្ទ អ៊ីនហ្វ្រារ៉េដ និង sensor ជាច្រើនផ្សេងទៀតដើម្បីដំណើរការលើកំពូលស្មាតហ្វូន Google Pixel 2 តែមួយប៉ុណ្ណោះ។ លើសពីនេះទៅទៀត Pixel 2 នឹងមានបំពាក់ដោយអេក្រង់ធំស្ទើរគ្មានគែម ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2560p ជាមួយនឹងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងដំណើរការដោយ Android O។ ទាក់ទងទៅនឹងបន្ទះឈីបវិញ​ គឺបំពាក់ដោយ Snapdragon 835 មានទំហំ RAM 4GB និងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP58 រឺ IP68 ផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Google បានបញ្ជាក់ថា កំពូលស្មាតហ្វូនរបស់ខ្លួននេះនឹងត្រូវបានប្រកាសចេញលក់នាចុងឆ្នាំនេះតែម្ដង។ ដូចនេះ សម្រាប់អតិថិជនរបស់ Google Pixel សូមរងចាំមើលទាំងអស់គ្នា។

Fu

ខ្មែរណូត

ប្រភព៖ itechpost

COMMENTS