Samsung Galaxy Note 7 FE ប្រើប្រាស់ Spec និង Hardware ដូចគ្នាទាំងស្រុងទៅនឹង Galaxy Note 7 តែម្ដង តែមានភ្ជាប់មកជាមួយនឹង UI របស់ Galaxy S8 រួមទាំង Bixby ផងដែរ

សម្រាប់ពេលនេះ Samsung Galaxy Note FE (Fan Edition) ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាផ្លូវការហើយ។ មិនតែប៉ុណ្ណោះ ម៉ូដែលនេះនឹងត្រូវបានប្រកាសចេញលក់នាកំឡុងថ្ងៃទី07 ខែកក្កដា ខាងមុខនេះផងដែរ។ ដោយឡែក ដូចទៅនឹងអ្វីដែលយើងធ្លាប់បានជម្រាបកាលពីមុនអញ្ចឹង Galaxy Note 7 FE នឹងមានតម្លៃប្រមាណជា KRW 700,000 ពោលគឺស្មើរនឹង $611 ហើយត្រូវបានក្រុមហ៊ុនសម្រេចចេញលក់ប្រមាណជាជាង 400,000គ្រឿងសម្រាប់តែប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។ ដូចនេះ អាចនិយាយបានថាម៉ូដែលនេះនឹងមិនមានផលប៉ះពាល់សម្រាប់កំពូលស្មាតហ្វូនម៉ូដែលថ្មី Galaxy Note 8 នោះទេ។

គួរបញ្ជាក់ផងដែរថា ការចេញលក់សារជាថ្មីនៃ Galaxy Note 7 នេះនឹងមានជម្រើសច្រើនពណ៌សម្រាប់លោកអ្នកដូចជា ពណ៌ខ្មៅ (Black Onyx) ពណ៌ខៀវ (Blue Coral) ពណ៌មាស (Gold Platinum) និងពណ៌ប្រាក់ (Silver Titanium)។ លើសពីនេះទៅទៀត យើងសង្កេតឃើញការផ្លាស់ប្ដូរមួយចំនួនទាក់ទងទៅនឹង Galaxy Note 7 នេះ។ ហើយសម្រាប់អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាមពលថ្ម ដែលវាក៏ជាមូលហេតុនៃការផ្ទុះកាលពីឆ្នាំមុនដែរ។ ដោយឡែក សម្រាប់ Note 7 FE គឺមានថាមពលថ្មត្រឹមតែ 3200mAhប៉ុណ្ណោះ តូចជាងមុន 8.5% ដែលមានទំហំ​ 3,500mAh។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ម៉ូដែលថ្មីនេះគឺមានសុវត្ថិភាពខ្ពស់ និងមិនបង្កគ្រោះថ្នាក់អ្វីទៀតឡើយ។ សម្រាប់ Logo ក្រុមហ៊ុន Samsung យើងពុំសង្កេតឃើញមាននៅផ្នែកខាងក្រោយទៀតឡើយ តែជំនួសមកវិញដោយពាក្យថា Samsung Galaxy Note 7 Fan Edition វិញ។

Galaxy Note 7 FE នឹងមានអេក្រង់ទំហំ​ 5.7អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2560។ មិនតែប៉ុណ្ណោះ ម៉ូដែលនេះគឺបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 821 និងដំណើរការដោយ CPU ប្រភេទ quad-core និង GPU Adreno 530 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ ទាក់ទងទៅនឹង sensor ស្កេនស្នាមក្រយ៉ៅដៃគឺនៅផ្នែកខាងមុខដដែល ជាមួយនឹងមុខងារស្កេនប្រស្រីភ្នែក Iris Scanner និងមុខងារមិនចូលទឹក IP 68 ក៏នៅបំពាក់មកជាមួយដូចគ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ UI នៃ Galaxy Note 7 FE គឺដូចគ្នាទៅនឹងអ្វីដែលកំពូលស្មាតហ្វូន Galaxy S8 មាន ពោលគឺសម្រាប់មុខងារ Always On មានសភាពដូចគ្នាទាំងស្រុងតែម្ដង។ ចំណែកឯប៊ូតុង Bixby ក៏យើងសង្កេតឃើញមានបំពាក់លើម៉ូដែលនេះដូចគ្នាដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS