ស្ត្រីម្នាក់ត្រូវគេយកទៅកប់ទាំងរស់ ព្រោះស្មានថាស្លាប់ ស្រាប់តែប៉ុន្មានថ្ងៃក្រោយ គាត់វាយបំបែកផ្នូរងើបចេញមកវិញ

ប្រេស៊ីល៖ ស្ត្រីម្នាក់ត្រូវបានគេយល់ច្រលំថា បានស្លាប់បាត់បង់ជីវិត ហើយត្រូវបានយកទៅកប់ទាំងគាត់នៅមានជីវិត តែគាត់បានព្យាយាមវាយបំបែកផ្នូរចេញមកក្រៅវិញបន្ទាប់ពីគាត់បានដេកនៅក្នុងមឈូសអស់រយៈពេល១១ថ្ងៃ។ ស្ត្រីដែលជួបប្រទះនឹងរឿងចម្លែកនេះ មានឈ្មោះថា Rosangela Almeida dos Santos អាយុ៣៧ឆ្នាំ រស់នៅក្នុងក្រុង Riachao das Neves ​ភាគខាងជើងប្រទេសប្រេស៊ីល។

ក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះស្រាប់តែមានបញ្ហាសុខភាពដួលសន្លប់នៅក្នុងផ្ទះរបស់គាត់ ហើយគេបានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីមកជួយគាត់។ ​ស្ត្រីរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យហើយមួយថ្ងៃបន្ទាប់ គាត់ត្រូវបានខាងមន្ទីរពេទ្យ ប្រាប់ថាគា ត់បានស្លាប់បាត់បង់ជិវិតហើយ ដូចនេះខាងគ្រួសារបានយកសាកសពរបស់គាត់ធ្វើបុណ្យតាមប្រពៃណី។ គេបានរៀបចំដាក់គាត់ក្នុងមឈូស និងយកគាត់ទៅដាក់ក្នុងផ្នូរថ្មមួយយ៉ាងត្រឹមត្រូវ។

១១ថ្ងៃក្រោយការដាក់គាត់នៅក្នុងមឈូស ស្រាប់តែគាត់បានដឹងខ្លួនវិញ ហើយគាត់បានព្យាយាមបំបែកផ្នូរនោះចេញមកក្រៅវិញ។ ក្រោយមកគេបានដឹងហេតុការណ៍នេះ និងបានជួយសង្គ្រោះគាត់ចេញពីក្នុងផ្នូរនោះមកវិញ តែក្រោយការជួយសង្គ្រោះគាត់ស្ត្រីរងគ្រោះក៏ទទួលរងនូវរបួសខ្លះដែរ។​ ពេលនេះខាងគ្រួសារ និងអាជ្ញាធរកំពុងតែចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះមន្ទីរពេទ្យដែលបានប្រាប់ថាគាត់ស្លាប់ដោយការយល់ច្រលំនោះ៕

ភក្តី

ប្រភព៖ dailymail